០៦.០២.២០១៨ សាខាកាំកុងត្រូលខេត្តស្វាយរៀងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពិសោធន៍ខ្នាតតូចទី២សាខាកាំកុងត្រូលខេត្តស្វាយរៀង


នាព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពិសោធន៍ខ្នាតតូចទី២សាខាកាំកុងត្រូលខេត្តស្វាយរៀង និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាកាំកុងត្រូលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យទំនិញ ជាពិសេសធានាបាននូវភាពអនុលោមតាមកម្មវិធីអភិក្រមគ្រប់គ្រងហានិភ័យ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។ លើសពីនេះ មន្ទីរពិសោធន៍នេះ ក៏នឹងឆ្លើយតបទស្សនទានរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអតុល្យភាព (ចំណុចអវិជ្ជមាន) ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកនាំចេញ-នាំចូល។ល។

ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី ត្រូវបន្តពង្រឹងការត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាថែមទៀត ព្រមទាំងស្វែងយល់អំពីបទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាងនៅក្នុងតំបន់ និងពិភពលោក ហើយត្រូវខិតខំកៀគរជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់សកម្មភាពការងារ ធានាបាននូវអនុលោមភាពរបស់ទំនិញនាំចូល-នាំចេញ ដើម្បីការពារសុខុមាលភាពជូនប្រជាជន ៕

27459879_1007943876021082_9122902730004933552_n 27540371_1007943662687770_5777653954610752442_n 27545052_1007943582687778_4706388131623632130_n 27545595_1007943359354467_2773150495701370725_n 27545736_1007943832687753_6334276980739518238_n 27654449_1007943219354481_773429184010293907_n 27654464_1007943626021107_8428144125522092381_n 27654678_1007943272687809_2227600752263592413_n 27654718_1007943719354431_4574761165929210110_n 27655230_1007943506021119_825384228783461104_n 27655355_1007943536021116_7028749837654876878_n 27750875_1007943432687793_8237443345993794742_n 27750923_1007943899354413_3422748938374928369_n 27751857_1007943332687803_2890401093204628124_n