ពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តពោធិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប


ស្រុកស្វាយទាប ស្វាយរៀង៖ ព្រឹកថ្ងទី២០ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបាន លើកឡើងថា ប្រទេសមានសុខសន្តិភាព ទើបយើងមានឱកាសបានធ្វើបុណ្យធ្វើទាន និងអភិវឌ្ឍប្រទេសឥតឈប់ឈរដូចសព្វថ្ងៃនេះ ដូច្នេះត្រូវរួមគ្នារក្សាតម្លៃនៃសន្តិភាពនេះ ឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។ ការមានប្រសាសន៍លើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី សម្ពោធសាលាពុទ្ធិកបឋមសិក្សា នៅវត្តពោធិ៍បន្ទាយ ស្ថិតនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការសម្ពោធដាក់ ឲ្យប្រើប្រាស់នូវ សាលាពុទ្ធិកបឋមសិក្សានាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លាររបស់ឯកឧត្តម ចៅ ភិរុណ និងលោកជំទាវ រួមជាមួយពុទ្ធិបរិស័ទចំណុះជើងវត្ត ដែលបានចំណាយថវិកាអស់ ១៤២.៦៣៨ដុល្លារ ហើយក៏ជាការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយក៏បានបញ្ជាក់ ឲ្យឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញតិឲ្យយើងទាំងគ្នា បានរួមគ្នាធ្វើបុណ្យទាំងអស់គ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ។

ថ្លែងក្នុងពិធីនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមបោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេសឆ្ពោះទៅរក ការអភិវឌ្ឍន៍បន្ថែមទៀត៕