២៣.០៦.២០១៨ ពិធីសម្ពោធអគារសិក្សាថ្មីក្នុងសាលាបឋមសិក្សា ហ៊ុន សែន មុខដា


ស្រុករមាសហែក ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាក្នុងសាលាបឋមសិក្សា ហ៊ុន សែន មុខដា ឃុំមុខដា ស្រុករមាសហែក ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន ដល់បងប្អូននិងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្ស ។

សូមបញ្ជាក់ផងដែរថា ៖ អគារសិក្សាថ្មី ០១ ខ្នង ០៥ បន្ទប់ដែលត្រូវបានចំណាយថវិកាសាងសង់ ចំនួន ៥៦.២៧៥ ដុល្លារ ព្រមទាំងថវិកាសម្រាប់ចំណាយក្នុងការចាក់ដីក្នុងទីធ្លាសាលា និងបានបំពាក់នៅក្នុងថ្នាក់រៀនផងដែរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ដល់ ឯកឧត្តម សៅ សុខា និងសហការីដែលបានខិតខំបំពេញភារកិច្ចជួយទាំងថវិកា និងសម្ភារៈសម្រាប់ ឱ្យកូនក្មួយសិស្សានុសិស្សបានរៀនសូត្រគ្រប់ៗគ្នា ។

លោកជំទាវបានបន្តថាបច្ចុប្បន្នខេត្តស្វាយរៀងកំពុងមានអភិវឌ្ឍគ្រប់ទីកន្លែងដូចជា៖ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់រោងចក្រសហគ្រាសទូទាំង ខេត្តដើម្បីឆ្លើយតបតាមការសំណូមពររបស់ពលរដ្ឋ ជាពិសេសផ្លូវភ្លើងរាជរដ្ឋាភិបាលកំពុងជំរុញ ការយកចឹត្តទុក្ខដាក់តបណ្តាញពង្រីកសេវ៉ាពីក្រុងមកជនបទស្ទើគ្រប់ទីកន្លែងទៅហើយ។

ជាចុងក្រោយលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលខិតខំបានមកទាំង លំបាកហើយត្រូវចេះជួយថែរក្សាការពារដើម្បីយើងទាំងអស់គ្នា និងត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នា ។

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន សសយក ចំនួន ១៥០ នាក់ ម្នាក់ៗទទួលបានថវិកា ២០.០០០ រៀល ជូនយាយជីតាជី ៥០ នាក់ ម្នាក់ៗ ក្រណាត់ស ០១ ដុំ ថវិកា ១០.០០០ រៀល ជូនលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យមុខដា និងសាលាបឋមសិក្សា ហ៊ុន សែន មុខដា ៤១ នាក់ ម្នាក់ៗថវិកា ៥០.០០០ រៀល សិស្សានុសិស្សអនុវិទ្យាល័យមុខដា ២៦៧ នាក់ ម្នាក់ៗទទួលបានសៀវភៅ ០២ ក្បាល ប៊ិច ០២ ដើម ថវិកា ៥.០០០ រៀល ជូនសាលាស្រុករមាសហែក ជូនសាលាឃុំមុខដា ក្រុមប្រជាការពារ ជូនកងរាជអាវុធហត្ថស្រុក ជូនផ្នែកសឹករងស្រុកសរុបចំនួន ២.៥០០.០០០ រៀល ជូនក្រុមគ្រូពេទ្យ ៣០០.០០០ រៀល ។