១៨.០៧.២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចុះជួបសំណេះសំណាលជាមួួយសមាជិកគណបក្សក្នុងសង្កាត់ស្វាយរៀង


ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរៀងចំនួន ៧៧១ នាក់ នៅទីស្នាក់ការគណបក្សខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ដែលជានិច្ចកាល​សម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។

ជាមួយគ្នានោះដែរ ក្រុមការងារក៏បានណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា និងត្រៀមឯកសារ​សម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជានៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។​