២០.០៧.២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ


ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៤២០ នាក់ នៅទីស្នាក់ការគណបក្សឃុំបាសាក់ ស្រុកស្វាយជ្រំ ព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ដែលជានិច្ចកាល​សម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច យ៉ាងឆាប់រហ័សពោលបានក្លាយ ពីប្រទេសក្រីក្រឈាន មកជាប្រទេស មានចំណូល មធ្យមកម្រិតទាប នាពេលបច្ចុប្បន្នហើយកំពុងប្រឹងប្រែង ជំរុញឲ្យក្លាយជាប្រទេស មានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍ មន្រ្តីរាជការ កើនឡើងជាបន្តបន្ទាប់ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។

ដើម្បីបន្តរក្សាបានភាពរីកចម្រើន របស់ជាតិកម្ពុជាទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខ សន្តិភាពនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ដែលខ្លួនពេញចិត្ត ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕