20.07.2018 ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញចុះប្រគល់ម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៨០ក្នុងខេត្តស្វាយរៀង


នាព្រឹកថ្ងៃសុក្រ ០៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ផ្ដល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង៨០ ក្នុងខេត្ត ដែលប្រារព្ធធ្វើនៅស្នងការដ្ឋាននគរបាលខេត្ត ។ បើតាមរបាយការណ៍របស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត នេះជាលើកទី៤ ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែមពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តស្វាយរៀង សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា អំណោយជាម៉ូតូនៅថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត របស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងគោលបំណងបង្កលក្ខណៈកាន់តែងាយស្រួលដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់សម្រាប់ជាមធ្យោបាយក្នុងការបំពេញប្រតិបត្តិការការងារកាន់តែមានភាពឆ្លើយតប អន្តរាគមន៍បានទាន់ពេលវេលាចំពោះរាល់គ្រប់សភាពការណ៍ ដែលបានកើតឡើងជាក់ស្ដែងនៅមូលដ្ឋាន ហើយឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកម៉ូតូទៅប្រើប្រាស់ឲ្យបានចំទិសដៅបម្រើឲ្យផលប្រយោជន៍រួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងចៀសវាងឲ្យបាននូវការយកមធ្យោបាយនេះទៅប្រើប្រាស់ខុសគោលដៅបម្រើឲ្យផលប្រយោជន៍បុគ្គល ព្រមទាំងថែរក្សាឲ្យបានគង់វង្សយូរអង្វែង។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ជាពិសេសនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបង្កើនការប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋានឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាល ឲ្យបានម៉ឹងម៉ាត់ និងបន្តការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ដល់ដំណើរការបោះឆ្នោតទាំងមូលឲ្យបានល្អប្រសើរ ទាំងក្នុងពេលឃោសនាដែលនៅសល់រយៈពេល ១សប្ដាហ៍ ការពារការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការដឹកជញ្ជូនសន្លឹកឆ្នោត ព្រមទាំងត្រូវទប់ស្កាត់ឲ្យបានកុំឲ្យមានជាដាច់ខាត ចំពោះរាល់សកម្មភាពដែលបង្កភាពអនាធិបតេយ្យដល់ការិយាល័យបោះឆ្នោត ហើយត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹងលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត ៕