21.07.2018 ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ មានតែ ០១ ថ្ងៃទេ គឺថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨


(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៦ សម្រាប់មណ្ឌលស្វាយរៀង បានមានប្រសាសន៍ថា ការបោះឆ្នោតមានរយ:ពេលតែ ០១ ថ្ងៃទេ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិិនមែន ៣ ថ្ងៃដូចមជ្ឈដ្ឋានជនអគតិបានដើរឃោសនាបោកប្រាស់នោះទេ ហើយនៅសល់តែ ០៨ ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោតហើយ ។ ការលើកឡើងបែបនេះក្នុងខណ:ដែលលោកជំទាវ​កត្តិសង្គហបណ្ឌិត អញ្ជើញចុះឃោសនា និងបង្រៀនគូសសន្លឹកឆ្នោត ព្រមទាំងសួរសុខទុក្ខជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងឃុំច្រេស ចន្រ្ទា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨ ។​

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅកោះពេជ្រ កាលពី៧ ខែកក្កដាថ្មីៗនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។

មុននឹងបញ្ចប់ក៏មានការណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកាដែលបានចូលរួមក្នុង កម្មវិធីទាំងអស់គ្នាផងដែរ៕