ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលំដាប់លេខរៀងទី២០


ក្រុងបាវិត,ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៦ សម្រាប់មណ្ឌលស្វាយរៀង បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវរួមគ្នាថែករក្សាសន្តិភាពឱ្យបានគង់វង់ មិនត្រូវឱ្យនរណាម្នាក់មកបំផ្លាញសន្តិភាពនេះជាដាច់ខាតទោះក្នុងកាសៈទេសៈណាក៏ដោយ ។ សន្តិភាពនេះហើយបានធ្វើឱ្យប្រជាកម្ពុជាយើងរស់ក្នុងសេចក្តីសុខក្សេមក្សាន្តនៅក្នុងគ្រួសារ ហើយធ្វើយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារ៉ាម ព្រមទាំងធ្វើឱ្យប្រជាជនមានការងារធ្វើ និងបានប្រាក់ចំណូលកាន់តែច្រើនឡើង ។ ការលើកឡើងបែបនេះក្នុងខណ:ដែលលោកជំទាវ​កត្តិសង្គហបណ្ឌិត អញ្ជើញចុះឃោសនា និងបង្រៀនគូសសន្លឹកឆ្នោត ព្រមទាំងសួរសុខទុក្ខជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨ ។​

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនយើងទូទាំងប្រទេស ក៏ដូចជាយើងគ្រប់ៗរូប បានខិតខំប្រឹងប្រែងពុះពារអស់កម្លាំងកាយចិត្ត តស៊ូជម្នះ នូវឧបសគ្គរាប់ម៉ឺនសែនជំពូក នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ នោះគឺសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ។ យើងទាំងអស់គ្នាចងចាំជានិច្ចថា សន្តិភាពនេះបានមកពីការតស៊ូលះបង់អាយុជីវិតរបស់អ្នកសេ្នហាជាតិរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាក្នុងការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍នៅ ថ្ងៃ ០៧ មករា ១៩៧៩ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ នៅកោះពេជ្រ កាលពី៧ ខែកក្កដាថ្មីៗនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។

មុននឹងបញ្ចប់ក៏មានការណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកាដែលបានចូលរួមក្នុង កម្មវិធីទាំងអស់គ្នាផងដែរ ។