ខេត្តស្វាយរៀង ប្រារព្ធមិទ្ទិញទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកានិងហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ


ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សខេត្ត អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត អនុប្រធានគណបក្សខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២១០៩នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩ ) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ។

ការរំលឹកខួប អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយ ដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំង ឲ្យកាន់តែច្បាស់អំពីការ រំដោះប្រទេសឲ្យរួចផុត ពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យ ឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាល ដែលប្រទេសជាតិ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការ អភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ ។

អង្គពិធីមិទ្ទិញទាំងមូល បានសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ ។

ចុងបញ្ចប់នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ បានជួបជុំទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភាព ក្នុងនាមជាខ្មែរតែមួយ ប្រកបដោយភាពសប្បាយ រីករាយក្រៃលែង ។