ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលរួចហើយនូវពានកម្រមួយទៀតក្នុងភាពជាមេដឹកនាំអាស៊ានគឺ ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» នៅម៉ោងប្រមាណ ៧៖២៤នាទីនាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ សម្តេចតេជោ បានហៅពាន រង្វាន់នេះថា ជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានរួមគ្នាចូលរួមចំណែកកសាងសប្រទេសជាតិ និងសហគមន៍អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បន្តថា មោទនភាពនេះ មិនមែនសម្រាប់តែសម្តេច និងក្រុមគ្រួសារនោះឡើយ គឺជាមោទនភាពរបស់ប្រជាជន ទាំងមូល។ សម្តេចតេជោ បានប្តេជ្ញាចិត្តយកពេលវេលា ដែលនៅសេសសល់ក្នុងជីវិតរបស់សម្តេចខិតខំធ្វើការ ដើម្បីបុព្វហេតុជាតិ និង ប្រជាជនកម្ពុជា ឲ្យកាន់តែរីចចម្រើន។

ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមុខមេដឹកនាំអាស៊ានជាច្រើនរូប ក្នុងពេល ទទួលបានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»៖

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីមុន ដែលល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយទៅជាកោះសន្តិភាព និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ី-អាគ្នេយ៍ ទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយនៅតែមានចំនួនកើនឡើង។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីមុន ដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវបានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើស ជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋ ដែលគោរពគោលការណ៍ច្បាប់ ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញលេញ និងគោរព លើកតម្កើងយ៉ាងម៉ត់ចត់នូវសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីមុន ដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយទៅជាប្រទេសមួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិមាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីមុន ដែលជាប្រទេសអន់ខ្សោយខាងផ្នែកសេដ្ឋកិច្ច និងគ្របដណ្តប់ដោយភាពក្រីក្រ មានអសន្តិសុខស្បៀង ឥឡូវនេះ បានក្លាយទៅជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់ នៃប្រទេស ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចេរភាពលើពិភពលោក ក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ពីរទសវត្សរ៍កន្លងមក ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកែលំអរសូចនាករសង្គមសំខាន់ៗ និងបានឆ្លងផុតដោយមោទន នៃចំណាត់ថ្នាក់ប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

សម្តេចតេជោ ហ៊ុន សែន បន្តថា កម្ពុជា ពិតជាមានមោទនភាពក្នុងនាមជាសមាជិកអាស៊ាន ដែលបានចូលរួមចំណែករក្សាបាននូវសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីការចាប់បដិសន្ធិក្នុងឆ្នាំ១៩៦៧ អាស៊ានកំពុងមានការរីកចម្រើន និងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ ដើម្បីរក្សាបាននូវភាពរីកចម្រើននេះ សម្តេចតេជោ បានផ្តល់ទស្សនទានមួយចំនួនសម្រាប់អាស៊ាន។

នៅចំពោះមុខមេដឹកនាំអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរុងរឿងមិនអាចកើតមានទេ បើគ្មានសន្តិភាព សន្តិសុខ និងស្ថេរភាព ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការរីកចម្រើនយូវអង្វែងសម្រាប់ប្រទេសជាសមាជិកអាស៊ាននីមួយៗ និងសម្រាប់អាស៊ានទាំងមូល។

សម្រាប់ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចមិនច្បាស់លាស់របស់ពិភពលោក សម្តេចតេជោ ថ្លែងថា អាស៊ានត្រូវតែរក្សាឲ្យបាន និងពង្រឹងថែមទៀត នូវតួនាទីស្នូលប្រកបដោយតុល្យភាព ភាពទន់ភ្លន់ និងក្នុងលក្ខណៈស្ថាបនា ក្នុងតួអង្គជាភិបាលកិច្ចក្នុងតំបន់។

សម្តេចតេជោ ថ្លែងបន្តថា អាស៊ានត្រូវយកចិត្តទុកដាក់ជំរុញប្រភពកំណើនសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានកំណើន ព្រមជាមួយការពង្រីកកិច្ចសហប្រតិបត្តិការ និងការពន្លឿនសមាហរណកម្មតំបន់។ ម្យ៉ាងវិញទៀត ប្រភពកំណើន នៃសេដ្ឋកិច្ចអាស៊ាន មិនអាចកាត់ផ្តាច់ពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត នៅក្នុងតំបន់បានឡើយរួមមាន សេដ្ឋកិច្ចបណ្តាប្រទេសបូក៣ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី នូវ៉ែលហ្សេឡង់ ព្រមទាំងឥណ្ឌា និងរុស្ស៊ី ដែលបូកបញ្ចូលទាំងតំបន់អឺរ៉ាហ្ស៊ីផងដែរ។ អាស៊ាន ត្រូវពន្លឿនចាប់យកទីផ្សារធំៗទាំងនេះ ឲ្យបានឆាប់។

សម្តេចតេជោ ហ៊ុន សែន បានបានបង្ហាញក្តីសង្ឃឹមថា បើទោះបីនយោបាយនៅលើពិភពលោកមានការផ្លាស់ប្តូរ តែអាស៊ាននៅតែអាចរក្សាបាននូវសាមគ្គីភាពនៅលើវិថី នៃការអភិវឌ្ឍ និងការកសាងសហគមន៍តំបន់មួយ ដែលមានសមាហរណកម្មកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ និងបន្តដើរតួនាទីស្នូលនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសម្រាប់តំបន់អាស៊ីបូព៌ាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តសហគមន៍អាស៊ានទៅមុខ ចាំបាច់បន្តនូវការអភិវឌ្ឍម៉ូឌែល នៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មផ្ទាល់ខ្លួនមួយទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលកើតចេញពីបទពិសោធន៍វិជ្ជមានពីអតីតកាល និងបំណងប្រាថ្នាឆ្ពោះទៅអនាគត ហើយធានាផ្តល់ជូនតំបន់ទាំងមូលនូវសន្តិភាព ស្ថេរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចេរភាព និងវិបុលភាព សម្បូររុងរឿង។

សម្តេចតេជោ ហ៊ុន សែន សម្តែងការជឿជាក់ថា អាស៊ាននឹងបន្តរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាជាមហាគ្រួសារតែមួយ ហើយអាស៊ាននឹងមិនមានទិដ្ឋភាពដូចអឹរ៉ុប ដែលអង់គ្លេសដើរចេញនាពេលថ្មីៗនោះ ហើយនៅតែជាគ្រួសារ ដ៏រឹងមាំ។

សម្តេចតេជោ បានថ្លែងទៀតថា ប្រជាជាតិកម្ពុជាទាំងមូល ពិតជាមានមោទនភាពចំពោះសមិទ្ធផលធំៗនានា ដែលសម្រេចបាន ក៏ដូចជាការចូលរួមជាវិភាគទានជាវិជ្ជមានទាំងឡាយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍អាស៊ាននាពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រគល់ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ថា ជាការទទួលស្គាល់ និងលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល មិនមែនសម្រាប់តែបុគ្គលសម្តេច និងក្រុមគ្រួសារសម្តេចនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់នោះ ក៏បានផ្ញើនូវសមិទ្ធផលនេះ ជូនភរិយាសម្តេច កូនៗ និងចៅៗ ដែលជានិច្ចកាលតែងបានគាំទ្រ។ សម្តេច ក៏បានជូននូវសមិទ្ធផលនេះ ទៅដល់សហការី នៃរាជរដ្ឋាភិបាលទាំងអស់ ដែលបានរួមគ្នាធ្វើការអស់រយៈពេលជិត ៤០ឆ្នាំ ជាពិសេសក្នុងរយៈពេលជាង ៣០ឆ្នាំ ដែលសម្តេចធ្វើជានាយករដ្ឋមន្រ្តីរបស់កម្ពុជា។

សម្តេចតេជោ បន្តថា ពានរង្វាន់នេះ បង្ហាញឲ្យឃើញពីបេសកកម្មបច្ចុប្បន្ន និងទៅអនាគត ដែលរូបសម្តេច និងរាជរដ្ឋាភិបាល រួមជាមួយប្រជាជនកម្ពុជាទាំងមូលត្រូវតែបន្តប្រឹងប្រែងពុះពារសម្រេចឲ្យបានជោគជ័យ ដើម្បីបុព្វហេតុជាតិកម្ពុជាផង និងបុព្វហេតុសហគមន៍អាស៊ានផង។

សម្តេចតេជោ ហ៊ុន សែន បន្តថា ជាមួយទឹកចិត្តរំភើបរីករាយ និងមោទនភាព សម្តេចប្តេជ្ញាចិត្ត ដ៏មុះមុត និងឧទ្ទិសពេលវេលា ដែលនៅសេសសល់ក្នុងជីវិត ចំពោះបុព្វហេតុដ៏ឧតុង្គឧត្តមរបស់ជាតិ និងប្រជាជន៕

HUN-SEN-7A-8-2016-5