ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង មាន០៤បន្ទប់ នៅសាលាសិក្សាពេជ្រមន្រ្តីស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ក្នុងពិធីនេះដែរមានការចូលរួមពីលោកជំទាវ ឈុន សារឹម លោកជំទាវ ដួង វណ្ណា សមាជិកាសភាមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមគឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត្ត ព្រមទាំងយាយជីតាជី សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង ៧៩៤ នាក់ ។
សូមបញ្ជាក់ផងដែរថា សាលាបឋមសិក្សាពេជ្រមន្រ្តីនេះស្ថិតនៅទិសខាងត្បូងសាលាស្រុកស្វាយទាប ចម្ងាយ ប្រមាណ ២,០០០ ម៉ែត្រ ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប តាមផ្លូវជាតិ លេខ៣១៤D ខាងកើតផ្លូវចម្ងាយ ១០០ ម៉ែត្រ។
នៅក្នុងកំឡុងឆ្នាំ១៩៨១ ដោយការរៀបចំប្រមូលផ្តុំសាលានានា ពីភូមិ ទួលត្របែក អង្គស្វាយ និងភូមិពោធិវង្ស មកនៅទីតាំងតែមួយនោះ ដោយមានការផ្តួចផ្តើមពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃរដ្ឋកម្ពុជា និងការចូលរួម ពីព្រះសង្ឃ លោកចាស់ព្រឹទ្ធាចារ្យ គណៈកម្មការ ទ្រទ្រង់ សាលាកសាងបាន ០១ ខ្នង មាន ០៤ បន្ទប់ដំបូលប្រក់ស្លឹក ជញ្ជាំងបិទដីដោយ ដាក់ឈ្មោះថា ៖ សាលាបឋមសិក្សា ៧ មករា រហូតដល់ឆ្នាំ១៩៩៥ ក្រោយមកជាបន្តបន្ទាប់ ដោយមានការជួយ ឧបត្ថម្ភ សម្ភារៈ ថវិកា ពីព្រះសង្ឃវត្តពេជ្រមន្ត្រី គណៈកម្មការទ្រទ្រង់ លោកគ្រូ អ្នកគ្រូ ប្រជាជន សប្បុរសជនជាច្រើន ពិសេស ឯកឧត្តម ហ៊ឹម សាវឿន និងលោក ជំទាវ ឯកឧត្តម សួស កាណាន និងលោកជំទាវ ឯកឧត្តម ប្រាក់ សុខ និងលោកជំទាវ ឯកឧត្តម ហ៊ីង ប៊ុនហៀង និងលោកជំទាវ ឯកឧត្តម ហ៊ឹម ឆែម និងលោកជំទាវ លោកព្រឹទ្ធា ចារ្យ សុខ សាវន និងលោកស្រី បានជួយគាំទ្រ ឧបត្ថម្ភ សម្ភារៈ ថវិកា ដើម្បី កសាង និងរុះរើ អគារចាស់ ដែលប្រក់ស្លឹក ជញ្ជាំងបិទដី នោះចេញហើយកសាងអគារថ្មី បាន ០២ ខ្នង មាន ០៤ បន្ទប់ ប្រក់ក្បឿង ជញ្ជាំងឥដ្ឋ និងអគារទីចាត់ការ ០១ ខ្នង នោះហើយទើបផ្លាស់ប្តូរឈ្មោះ ពីសាលាបឋមសិក្សា ៧ មករា មកដាក់ឈ្មោះ សាលាបឋមសិក្សាពេជ្រមន្ត្រីបច្ចុប្បន្ន។
ក្នុងកំឡុងឆ្នាំ១៩៨៣-១៩៨៥សិស្សានុសិស្សដែលបានទទួលការសិក្សាមកពីភូមិទួលត្របែក ភូមិអង្គស្វាយ ភូមិព្រៃឈើទាល ភូមិពោធិវង្ស ឃុំប្រសូត្រ ។ មកដល់ឆ្នាំ២០១៤-២០១៥ ដោយពិនិត្យឃើញអគារ ០១ ខ្នង មានការបែកបាក់ទ្រុឌ ទ្រោមប្រើប្រាស់លែងបាន លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ក៍សម្រេចចិត្ត បញ្ជូន សិស្សមកទទួលការសិក្សា នៅទីអារាមវត្តពេជ្រមន្រ្តី ។ ដោយពិនិត្យឃើញការលំបាករបស់ សិស្សានុសិស្ស ក្នុងការសិក្សានោះ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ចៅអធិការវត្ត គណៈកម្មការទ្រទ្រង់សាលា បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា ឯកឧត្តម ហ៊ឹម ឆែម និងលោកជំទាវ ឯកឧត្តម ហ៊ឹម សាវឿន និងលោកជំទាវ ពិសេសព្រះអង្គគ្រូ ផលធរោ ផុន ភក្តី គង់នៅវត្តបុទុមវតី ផ្តួចផ្តើមកសាងឡើងនូវអគារសិក្សាថ្មីនេះ ០១ ខ្នង ០៤ បន្ទប់ ហើយរួចរាល់ជាស្ថាពរ នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៦ ដោយចំណាយអស់ថវិកា ចំនួន ៥៨,០៧៥,០០០ រៀល និង ២០,៥៧២ ដុល្លារ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ យាយជីតាជី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋថា ៖ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស បងប្អូនទាំងអស់ ក្នុងពិធីសម្ពោធឆ្លងសាលាបឋមសិក្សាពេជ្យមន្រ្ដី នេះជាសមិទ្ធិផលថ្មីមួយទៀតក្នុង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។
ក្នុងឱកាសជួបជុំដ៏សែនរីករាយនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងសប្បុរសជនផ្សេងទៀត ដែលបានរួមចំណែកឧបត្ថម្ភក្នុងការកសាងអគារសាលាបឋមសិក្សាពេជ្រមន្រ្ដីយើងនេះ និងសូមកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ក្នុងការកសាងអគារសិក្សា ០១ ខ្នង ០៤ បន្ទប់ របស់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ គណៈកម្មការទ្រទ្រង់សាលា នាយក លោកគ្រូ អ្នកគ្រូ សប្បុរសជន ប្រជាជនគ្រប់ភូមិចំណុះឲ្យសាលា ពិសេសព្រះភិក្ខុផលធរោ ផុន ភក្តី ទុកជាសម្បត្តិរដ្ឋសម្រាប់កូនចៅនៅទីនេះរៀនសូត្រ ។ ខ្ញុំសូមប្រគេន និងផ្តាំផ្ញើព្រះសង្ឃ គណៈកម្មការទ្រទ្រង់សាលា នាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជួយថែរក្សសមិទ្ធផលនេះឲ្យបានគង់វង្សល្អ យូរអង្វែង ព្រមទាំងខិតខំ កសាងបន្ថែមទៀតដើម្បីសាលានេះមានការអភិវឌ្ឍល្អប្រសើរទៅថ្ងៃអនាគត ។
ខ្ញុំសូមរំលឹកបន្ដិចអំពីសច្ចៈភាពប្រវិត្ដសាស្រ្ដ យើងពិតជាចងចាំបានថារបប ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានប្រែក្លាយមាតុភូមិកម្ពុជា ឲ្យក្លាយទៅជាវាលពិឃាត និងវិនាសកម្មយ៉ាងខ្លោចផ្សា ប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានសម្លាប់ និងបង្អត់អាហារ ដែលត្រូវទទួលរងទារុណកម្មជាទម្ងន់ និងរស់នៅដូចសត្វតិរច្ឆានក្នុងគុកឥតជញ្ជាំង ។ រយៈពេល ៣៧ឆ្នាំកន្លងទៅ ផ្តើមពីជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរ សង្គមយ៉ាងធំធេងដែលគ្មានអ្នកណាអាចនឹកស្មានដល់ ។ កម្ពុជាប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ, ការបែកបាក់ជាតិ ការបែងចែកទឹកដី ក្លាយជាប្រជាជាតិមួយដ៏មានសុខសន្តិភាព, សេរីភាព, ឯកភាព, ស្ថិរភាព, និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។
ហើយជាចុងបញ្ចប់ លោកជំទាវបណ្ឌិត បានជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។ ជាមួយនេះដែរ លោកជំទាវបណ្ឌិត បាននាំយកអំណោយជាសម្ភារៈ ថវិកាមកចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋថែមទៀតផង ដោយបានចំណាយថវិកាសរុប ១០.៧២០.០០០ រៀល ។