ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៦ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៦ នៅបរិវេណវត្តតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។ ក្នុងពិធីនោះដែរ មានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត លោក អាឡិចសង់ ដ្រេហ៊ីញ (Alexandre HUYNG) តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ហ្គីយ៉ង់ព្យែទ្រូ បូឌីណុង (Gianpietro Bordignon) តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករ និងសហគមន៍កសិកម្ម ព្រមទាំងបង ប្អូន ប្រជាពលរដ្ឋចូលរួមប្រមាណ ៦០០ នាក់ ។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ៖ ប្រធានបទដែលបានប្រារពនាថ្ងៃនេះគឺបានបំផុសនិងបង្កើនការយល់ដឹងដល់មហាជន ជាពិសេស អ្នកបច្ចេកទេស អ្នកផ្សព្វផ្សាយ និងប្រជាកសិករ អំពីហានិភ័យដែលប៉ះពាល់ដល់វិស័យកសិកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការរិះរកវិធានការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។
លោកជំទាវបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេច ទាំងពីរសូមជូនពរបវរមហាប្រសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ និងបងប្អូន ជនរួមជាតិទាំងអស់ សូមទទួលនូវពរជ័យទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
លោកជំទាវបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ននេះការវិវឌ្ឍន៍នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកបានបង្ហាញពីសញ្ញា មួយចំនួនដែលអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចូលនៅក្នុងវិបត្តិជាថ្មីម្តងទៀត ប្រសិនជាមិនមាន ការប្រុងប្រយ័ត្នខ្ពស់ ។ ទោះបីក្នុងបរិបទនេះក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អ និងកំណើនសេដ្ឋកិច្ចខ្ពស់ ដោយមានកំណើនយ៉ាងរឹងមាំនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈនៃការកែទម្រង់លើគ្រប់វិស័យ ជាពិសេស កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាល ហើយក្នុងនោះផងដែរវិស័យកសិកម្មនៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នប្រជាកសិករយើងបានប្រែប្រួលទម្លាប់ពីការផលិតសម្រាប់បម្រើតម្រូវការផ្ទាល់ខ្លួន មកជាការផលិត ដើម្បីនាំចេញលក់ទៅបរទេស ។ ជាក់ស្តែងនៅមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង គឺប្រជាកសិករបានចងក្រងគ្នាបង្កើតជាសហគមន៍អភិវឌ្ឍកសិកម្ម ផលិតបន្លែសរីរាង្គ ហើយធ្វើការសម្អាតរួចវេចខ្ចប់ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារទំនើបផ្សេងៗនៅរាជធានីភ្នំពេញ។ នេះបង្ហាញឱ្យឃើញថាកសិករយើងបាននិងកំពុងប្រែក្លាយខ្លួនចេញពី កសិករ ទៅជាកសិ-ពាណិជ្ជករ ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់របស់ខ្លួន។