ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ខេត្តស្វាយរៀងបានប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមានចូលរួមពីឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គរុសិស្ស សិស្ស និស្សិត យុវជន យុវនារីកាយរិទ្ធ កាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រជាពលរដ្ឋ ខេត្តស្វាយរៀងយ៉ាងច្រើនកុះករ ។
ពិធីដ៏ឱឡារិកនាព្រឹកនេះ គឺប្រារព្ធឡើងដើម្បីរំលឹក និងថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៃព្រះរាជបូនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ព្រះបញ្ញាស្មារតី ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្រ្តជាទីស្នេហារបស់ព្រះអង្គ កាលពី៦៤ឆ្នាំមុន ៕