ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ០៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១កងទ័ពជើងគោក ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយពលទាហានស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលប្រារព្ធធ្វើនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ។ អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានឯកឧត្ដមអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានស្ម័គ្រចិត្តដែលទើបជ្រើសរើសថ្មី ទាំង ១១៥រូប ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានចូលរួមអបអរសាទរជាមួយនឹងលទ្ធផលដ៏ប្រសើរដែលពលទាហានស្ម័គ្រចិត្ត ទាំង ១១៥រូប ទទួលបាននៅពេលនេះ ដែលមិនត្រឹមតែជាមោទភាពសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់ក្រុមគ្រួសារ និងឳពុកម្ដាយរបស់ពលទាហានស័្មគ្រចិត្តទាំងអស់ផងដែរ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងនាមជាសេនាធិការឲ្យក្រុមការងារជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១កងទ័ពជើងគោក ខេត្តស្វាយរៀង ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងសកម្មបំផុត ដោយបានចុះធ្វើការផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ ដល់គ្រប់មូលដ្ឋាននៅទូទាំងខេត្ត នាំឲ្យសម្រេចបាននូវផែនការជ្រើសរើសយុវជនស្ម័គ្រចិត្តប្រកបដោយសក្ដានុពលទាំង ១១៥រូប ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ បានប្រកបដោយជោគជ័យទៅតាមសន្ទស្សន៍ ដែលគណៈកម្មការជ្រើសរើសទ័ពរបស់អគ្គបញ្ជាការបានកំណត់ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ជាភ័ព្វសំណាងណាស់ដែលនាយទាហាន និងពលទាហានយើងនាពេលបច្ចុប្បន្នចូលបម្រើក្នុងជួរកងទ័ព ចំពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដូច្នេះក្រៅពីមានកាតព្វកិច្ចក្នុងការការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ គឺមានភារកិច្ចដ៏ធំមួយទៀតគឺការពារ និងថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាពដែលយុទ្ធជនជំនាន់មុនក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានតស៊ូ លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត កសាងបានទាំងលំបាកសម្រាប់ប្រជាជន និងប្រទេសជាតិ ។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ពលទាហានស័្មគ្រចិត្តទាំងអស់ដែលនឹងត្រូវបញ្ជូនទៅសាលាហ្វឹកហ្វឺននាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ រក្សាឲ្យបាននូវសាមគ្គីភាព មិនត្រូវសេពគ្រឿងស្រវឹងនៅពេលហ្វឹកហាត់ និងក្នុងម៉ោងរៀនសូត្រ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងបទបញ្ជាផ្ទៃក្នុង ក្នុងវគ្គ និងពេលវេលារៀនសូត្រ ។ ជាចុងបញ្ចប់ឯកឧត្ដមអភិបាលបានឧបត្ថម្ភដល់ពលទាហានស័្មគ្រចិត្តទាំង ១១៥នាក់ ក្នុង ១នាក់ ទទួលបានថវិកា ៥ម៉ឺនរៀល ៕