២៤.១១.២០១៧ ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនថ្នាក់ដឹកនាំកាយរឹទ្ធិក្នុងខេត្តស្វាយរៀង


ខេត្តស្វាយរៀង ៖ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនមេដឹកនាំកាយរឹទិ្ធ មកពីក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាក្រុង ស្រុកទាំង៨ នៅទូទាំងខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកកាយរឹទ្ធិទាំងអស់នៅក្នុងខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មអនុវត្តតួនាទីភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ធ្វើឲ្យសកម្មភាពកាយរឹទ្ធិជាតិកម្ពុជាខេត្ត មានចលនាផុលផុស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យមានសក្ដានុពលពេញលេញ ក្លាយទៅជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងក្លាយទៅជាសមាជិកគំរូនៅក្នុងសហគមន៍មូលដ្ឋាន ស្របតាមគោលបំណង បេសកម្ម និងគោលការណ៍គ្រឹះរបស់កាយរឹទ្ធិជាតិកម្ពុជា ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងពីរ លោកតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់កាយរឹទ្ធិជាតិគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងបាននូវតួនាទី និងគំរូល្អនៅក្នុងសង្គម ។

ទន្ទឹមនេះ ឯកឧត្ដមប្រធាន ក៏បានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាខេត្ត ជាពិសេសថ្នាក់ដឹកនាំកាយរឹទ្ធិក្រុង ស្រុក ដែលទើបធ្វើសច្ចាប្រណិធាន និងបំពាក់កន្សែងនៅថ្ងៃនេះ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-ត្រូវខិតខំពង្រីកសមាជិកភាព ដែលជាកម្លាំងនៃចលនាកាយរឹទ្ធិឲ្យបានកាន់តែច្រើនថែមទៀត ជាពិសេសនៅតាមបណ្ដាគ្រឹះស្ថានអប់រំនានាក្នុងខេត្ត ។
២-ត្រូវបន្តរៀបចំចងក្រងប្រព័ន្ធល្បាត កង និងកងឯកភាពឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេសកាយរឹទ្ធិក្នុងជួរយុវជន ។
៣-ត្រូវបន្តបំផុសសកម្មភាពស្ម័គ្រចិត្ត ពង្រឹងសកម្មភាពធ្វើអំពើល្អ និងការអប់រំសីលធម៌ ព្រមទាំងជំរុញឲ្យសមាជិកកាយរឹទ្ធិគ្រប់រូបចូលរួមចំណែកឲ្យកាន់តែសកម្ម ដើម្បីកាត់បន្ថយអំពើអសកម្មនានានៅក្នុងសង្គម ។
៤-ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្តពង្រឹងការគោរពវិន័យ ច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឲ្យបានកាន់តែច្រើនឡើង ដើម្បីឲ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

សូមបញ្ជាក់ថា ការបំពាក់កន្សែងដល់មេដឹកនាំកាយរឹទិ្ធ នាពេលនេះ គឺជាការរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់ក្រុង ស្រុក ទូទាំងខេត្តស្វាយរៀង ហើយមេដឹកនាំកាយរឹទិ្ធដែលត្រូវបានជ្រើសរើសឲ្យចូលរួមជីវភាពកាយរឹទិ្ធ និងត្រូវបំពាក់កន្សែងនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាធនធានមនុស្ស ប្រកបដោយសក្តានុពល និងមានសមត្ថភាពពេលលេញ ដើម្បីគ្រប់គ្រងដឹកនាំអង្គភាពកាយរឹទិ្ធ និងជួយរៀបចំកម្មវិធីយុវជន សកម្មភាពផ្សេងៗ បម្រើឲ្យផលប្រយោជន៍យុវជន សហគមន៍ និងប្រទេសជាតិ ៕

photo_2017-11-24_10-58-04 photo_2017-11-24_10-58-17 photo_2017-11-24_10-58-33 photo_2017-11-24_10-58-41 photo_2017-11-24_10-58-59 photo_2017-11-24_10-59-17 photo_2017-11-24_10-59-30 photo_2017-11-24_10-59-42 photo_2017-11-24_10-59-56 photo_2017-11-24_11-00-16 photo_2017-11-24_11-00-27 photo_2017-11-24_11-01-34