ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ២០១៧


ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ២០១៧ ក្រោមទិសស្លោក “ ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍” ដែលរៀបចំធ្វើនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ មកពីក្រុងស្វាយរៀង ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងមកពីអង្គកាសីភីអិនផ្លាស់ សរុបចំនួន ២៦៤នាក់ ។

បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ និងអភិវឌ្ឍន៍នៅកម្ពុជា ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ហូបចុកទទួលទានឲ្យបានគ្រប់គ្រាន់ និងទៅទទួល និងលេបឱសថប្រឆាំងមេរោគ (ARV) ឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់សាធារណជនទាំងអស់មិនត្រូវមាក់ងាយ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានចែកជូនអំណោយ និងថវិកាដល់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ ចំនួន ២៦៤នាក់ ក្នុង ១នាក់ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ថប ទឹកដោះគោខាប់ ៥កំប៉ុង សាប៊ូក្រអូប ៤ដុំ សារុង១ ក្រមា១ មុង១ ភួយ១ និងថវិកា ៤០.០០០រៀល ៕

photo_2017-12-01_09-55-08 photo_2017-12-01_09-55-15 photo_2017-12-01_09-55-26 photo_2017-12-01_09-55-42 photo_2017-12-01_09-55-51 photo_2017-12-01_09-56-02 photo_2017-12-01_09-56-30 photo_2017-12-01_09-56-37 photo_2017-12-01_09-56-55 photo_2017-12-01_09-57-09